សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ប្រារព្ធពិធីកាន់បិណ្ឌទី១២ នៅវត្តត្រពាំងព្រីង ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមនឹង ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ពុទ្ធបរិស័ទចំណុះជើងវត្តត្រពាំងព្រីង ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីកាន់បិណ្ឌទី១២ ប្រកបដោយសទ្ធាជ្រះថ្លា តាមប្រពៃណី និងទំនៀមទម្លាប់សាសនាជារៀងរាល់ឆ្នាំ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំង ឯកឧត្តម វង សូត និងលោកជំទាវ និងកូនចៅ បានឧទ្ទិសនូវកុសលផលបុណ្យដែលកើតចេញពីពិធីកាន់បិណ្ឌទី១២នេះ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្តាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធទាំងអស់ បានកើតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងឯកឧត្តម វង សូត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ បាននាំយកនូវទេយ្យទាន និងបច្ច័យប្រគេនចំពោះព្រះសង្ឃ រួមមាន៖ អង្ករចំនួន ៦បេ, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកដោះគោខាប់ ១កេសធំ, ស្ករស ១បេ, តែ ៥គីឡូក្រាម, ត្រីខ ១កេសធំ, មី១កេសធំ, ប៊ីចេង ១កេស, ផ្លែឈើ ១កេសធំ, នំ ១កេសធំ, ប្រគេនព្រះសង្ឃ៧អង្គ សាដក១ បច្ច័យ១០០.០០០រៀល ជើងបិណ្ឌ ចំនួន ៧លានរៀល ជូនយាយជីតាជី ១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ ថវិកា ២ម៉ឺនរៀល។
តាមទំនៀមទម្លាប់ពិធីបុណ្យកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ផ្តើមនៅថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ៕