រាជរដ្ឋាភិបាល នឹងបន្តគាំទ្រចំពោះគម្រោងសកម្មភាពនានា ដែលមូលនិធិ The Nippon Foundation បន្តអនុវត្តនៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តគាំទ្រចំពោះគម្រោងសកម្មភាពនានា ដែលមូលនិធិ The Nippon Foundation បន្តអនុវត្តនៅកម្ពុជា ។
នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងជំនួបនេះ លោក យ៉ូហេ សាសាកាវ៉ា បានថែ្លងអំណរគុណ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរ សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងនូវការអរគុណចំពោះមូលនិធិ The Nippon Foundation ដែលក្នុងរយៈកាល ៣០ ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជានៅក្នុងវិស័យអប់រំ និងសុខាភិបាល ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើនបានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តគាំទ្រចំពោះគម្រោងសកម្មភាពនានា ដែលមូលនិធិ The Nippon Foundation បន្តអនុវត្តនៅកម្ពុជា ៕