ឯកឧត្តម ខូយ រីដា ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកងពលតូច អន្តរាគមន៍លេខ១៤ នាឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនិងរដ្ឋបាលស្រុកក្រុងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយជាថវិកា សម្ភារ ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ។
ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានសម្តែងនូការគោរពយ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងប្រតិភូរួមដំណើរដែលបបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចុះ សួរសុខទុក្ខនាយទាហាន នាយទាហានរងនិងពលទាហានក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ជាលើកទី១ បន្ទាប់ពីចូល កាន់មុខតំណែងជាអភិបាលខេត្តពោធិ៍សាត់មុនឈានចូលដល់បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។ នេះបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ដល់កងទ័ពក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
ក្នុងនាមមេបញ្ជាការ មេបញ្ជាការរងនិងពលទាហានទូទាំងអង្គភាពសូមគាំទ្រនិងការពារដាច់ខាតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាពទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ មិនឱ្យជនណាម្នាក់មករំលោភបំពានបានឡើយ។
ក្នុងឱកាសនេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូននាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ចំណុះអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ទាំងអស់ ពិសេសសូមជូនពរ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ជួបតែសេចក្តីសុខ និងសុខភាពល្អគ្រប់ៗគ្នា។
ឯកឧត្តម បានថ្លែងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់នោះ រដ្ឋបាលខេត្ត បានដឹកនាំប្រតិភូ ដោយនាំយកគ្រឿងឧបភោគ បរិ ភោគ រួមជាមួយថវិកាចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ឱ្យបានមុនរដូវបុណ្យភ្ជុំបិណ្ឌក្នុងគោលបំណងសម្តែងនូវការគោរពដឹងគុណ ក្នុងការបំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាពលរដ្ឋយ៉ាងសកម្មជាពិសេសនាពេលថ្មីៗនេះបានចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការជួយអន្តរាគមន៍ទឹកជំនន់បញ្ជៀសបានការលិចលង់បានទាន់ពេលវេលា។
សូមបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្ត នាំមកចែកជូនកងពលតូចអន្តរាគមន៍លេខ១៤ នៅពេលនេះរួមមានអង្ករចំនួន៣តោនមី១០០កេស ត្រីខ១៥កេសធំ ទឹកស៊ីអ៊ីវ ៦០យួរ ទឹកត្រី៦០យួរនិងថវិកា១០លានរៀលហើយនៅក្នុងខណៈនោះឯកឧត្តមបានទទួលថវិកាចំនួន ៥,២១៥,០០០រៀល៕