ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ លោកជំទាវ Maria Amelita C. Aquino បានលើកឡើងពីសំណើបន្ត MoU រវាងហ្វីលីពីននិងកម្ពុជា និងចេតនាបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះសំណើបន្ត MoU ដោយត្រូវផ្តោតលើអ្វីដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នា ជាពិសេសជំរុញការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា និង ការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ (Downstream)។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច តែមានសក្តានុពល និងឱកាសទីផ្សារធំទូលាយ ជាពិសេសទីផ្សារប្រទេសអាស៊ាន និងប្រទេសចិនផងដែរ។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានច្បាប់វិនិយោគដ៏គួរឱ្យទាក់ទាញ សម្រាប់ការវិនិយោគពីខាងក្រៅប្រទេសផងដែរ។
ភាគីទាំងពីរបានលើកឡើងអំពីការពិនិត្យលទ្ធភាព ក្នុងរៀបចំឱ្យមានទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ ៕