ឯកឧត្តម កើត រិទ្ធ ដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរូប ខាងកើតវិមានឯករាជ្យ។
សូមរំលឹកថា ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។
ក្រោយការយាងចូលទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ ខែតុលា រៀងរាល់ឆ្នាំ ជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ។ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ថ្នាក់ដឹកនាំក្រសួង មន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ បានអញ្ជើញនាំគ្នាយកកម្រងផ្កា ថ្វាយគោរពសក្ការៈ ចំពោះព្រះបរមរូប ៕