សម្តេច សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យលើរបៀបវារៈចំនួន០២
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖ ១.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការដឹកជញ្ជូនអាកាសចរស៊ីវិលប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ឋសភា នីតិកាលទី៤។ ២.កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤។ បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ខាងលើរបស់គណៈកម្មការទី៩និងស្តាប់មតិផ្តល់យោបល់របស់សមាជិកអង្គប្រជុំរួចមក អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាក៏បានអនុម័តយល់ព្រមតាមសំណើរបស់គណៈកម្មការដែលជាវិស័យសមត្ថកិច្ច ដាក់សេចក្តីព្រាងច្បាប់ខាងលើទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក ៕