សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះគម្រោងវិយោគរបស់ក្រុមហ៊ុន China Datang Corporation Ltd. ក្នុងវិស័យថាមពល នៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍គាំទ្រ និងការលើកទឹកចិត្តចំពោះគម្រោងវិយោគផ្សេងទៀតរបស់ក្រុមហ៊ុន China Datang Corporation Ltd. ក្នុងវិស័យថាមពល នៅប្រទេសកម្ពុជា ជាពិសេសគម្រោងដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ដោយក្នុងនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ។
ការថ្លែងរបស់សម្តេចធិបតីបែបនេះ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យ លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន China Datang Corporation Ltd. និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលកន្លងមកបានបណ្តាក់ទុនវិនិយោគលើគម្រោងក្នុងវិស័យថាមពលនៅព្រះរាជាណាចក្រកម្ពុជា ហើយដែលបានដំណើរការដោយជោគជ័យ ៕