ប្រទេសវៀតណាម នៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៨ តុលា ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានាធិបតីវៀតណាម បានថ្លែងអះអាងថា ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្តមប្រធានាធិបតីវៀតណាម បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី, ប្រទេសកម្ពុជានឹងអាចអនុវត្តដោយជោគជ័យនូវរាល់គោលនយោបាយនានា ដែលបានដាក់ចេញគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ ឯកឧត្តម វ៉ វ៉ាន់ធឿង ក៏បានបញ្ជាក់បន្ថែមថា «ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ» ។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះជំនួបនេះ និងបានរំឭកអំពីជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីវៀតណាម កាលពីបួនឆ្នាំមុន ដែលទាំងនេះ គឺសុទ្ធសឹងជាឱកាសនៃការពិភាក្សាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ សម្តេចធិបតី បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ ៕