លោកជំទាវ លឹម រស្មី ផ្ញើសារគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម
ភ្នំពេញ៖ លោកជំទាវ លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងអភិមង្គលប្រពៃថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ ជន្មាទីឃាយុយឺនយូរ ដើម្បីដឹកនាំជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ប្រកបដោយសុខសន្តិភាព ការរីកចម្រើនថ្កុំថ្កើង រុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមគោរពសម្តែងនូវការកោតសរសើរ ចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គុទ្ទេសវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយថាមភាព និងពោរពេញដោយសមត្ថភាព មានគតិបណ្ឌិត ឆន្ទៈមោះមុត និងទេពកោសល្យច្បាស់លាស់ក្នុងការដឹកនាំ ស្ថាប័ននីតិប្រតិបត្តិ ឱ្យមានកំណើនសេដ្ឋកិច្ចឈានទៅសម្រេចបានគោលដៅ ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ធានាបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងវិបុលភាពដ៏រុងរឿង សម្រាប់ជាទីសុខក្សេមក្សាន្តទាំងផ្លូវកាយ-ចិត្តជូនប្រជាជន និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ដើម្បីលើកស្ទួយឧត្តមភាពជាតិ និងកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្បីល្បាញទាំងក្នុងតំបន់ និងនៅលើសកលលោក ។
ក្នុងថ្ងៃដ៏សិរីមង្គលប្រពៃថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេសទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំង បុត្រា បុត្រី ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕