រដ្ឋមន្រ្តីក្រសួងវប្បធម៌ អនុញ្ញាតឲ្យប្រធានសមាគមកម្មសិទ្ធិបញ្ញា ចូលជួបពិភាក្សាផ្តោតលើកិច្ចការងារសំខាន់ៗមួយចំនួន
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃសុក្រ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកឧត្តមប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) បានចូលជួបសម្ដែងការគួរសមនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រកម្មសិទ្ធិបញ្ញាផ្នែកសិទ្ធិអ្នកនិពន្ធនៅកម្ពុជា។
កិច្ចពិភាក្សានេះផ្តោតលើកិច្ចការងារសំខាន់ៗដូចជា៖
១.ការចុះអនុស្សារណ:យោគយល់គ្នា រវាងក្រសួង និង សមាគម
២.ការរៀបចំវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលានានាស្តីពី
– អនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈ Berne Convention
– អង្គភាពគ្រប់គ្រងសិទិ្ធរួមCMOs
៣.កិច្ចសហប្រតិបត្តិការទូទៅរវាងក្រសួង និងសមាគម ក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា
៤.ជួយអភិវឌ្ឍទៅលើផ្នែក CMOs ឱ្យមានដំណើរការល្អ
៥.ជួយពង្រឹងនិងជួយសម្របសម្រួលផ្នែកច្បាប់នូវសេចក្ដីព្រាងនិងលិខិតបទដ្ឋានគតិយុត្តនានា ទាំងច្បាប់បេតិកភណ្ឌវប្បធម៌និងច្បាប់សិទិ្ធអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែល
ឆ្លើយតបនឹងសំណើរបស់សមាគមខាងលើ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឯកភាព និងគាំទ្រទាំងស្រុងព្រមទាំងអនុញ្ញាតឲ្យមន្ត្រីជំនាញបន្តសហការអនុវត្តកិច្ចការទាំងអស់នេះ។
ជាកិច្ចបញ្ចប់នៃជំនួបពិភាក្សា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគោរពជូនពរក្នុងការសម្រេចជោគជ័យលើការចូលរួមអភិវឌ្ឍកិច្ចការប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជានិរន្តន៍ ៕