កម្ពុជា-រុស្ស៊ី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោក Igor Karavaev អគ្គទីប្រឹក្សានៃស្ថានទូតរុស្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
លោកជំទាវ ផែន សាវនី បានស្វាគមន៍ លោក Igor Karavaev អគ្គទីប្រឹក្សាថ្មី នៃស្ថានទូតរុស្ស៊ី នៅភ្នំពេញ។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាលើការពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ និងបានពិភាក្សាអំពីស្ថានភាពនយោបាយរបស់កម្ពុជាក្រោយការបោះឆ្នោតសកលឆ្នាំ២០២៣។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីផងដែរ៕