នាយឧត្តមសេនីយ៍ សេង ផល្លី ដឹកនាំកិច្ចប្រជុំស្តីអំពីការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីអំពីការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញមកពីអង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានមានប្រសាសន៍ថា ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យអគ្គនាយកដ្ឋានធនធានមនុស្ស រៀបចំយន្តការធ្វើកំណែទម្រង់ពង្រឹងកងកម្លាំងនគរបាលជាតិ។ ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃ កំពុងតែស្ថិតក្នុងដំណាក់កាលដែលកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ជាពិសេសទាក់ទងលើការងារបុគ្គលិក ជាក់ស្ដែង អគ្គនាយកដ្ឋានធនធានមនុស្ស ជាសេនាធិការផ្ទាល់ជូនរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ទៅលើការងារធនធានមនុស្សលើការងារបុគ្គលិកនេះផងដែរ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ បានបន្ដថា ទាក់ទងទៅនឹងកិច្ចប្រជុំនៃការធ្វើកំណែទម្រង់នៅក្នុងថ្ងៃនេះ យើងបានលើកយកនូវកម្មវត្ថុ ដើម្បីយកមកជជែកវែកញែក និងប្រមូលផ្ដុំធាតុចូលសម្រាប់ដាក់ចេញនូវផែនការសម្រាប់កំណែទម្រង់ក្នុងការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិចំនួន០៤សំខាន់ៗរួមមាន៖ ទី១. ការស្លៀកពាក់ឯកសណ្ឋាន និងការពង្រឹងវិន័យ, ទី២. កាអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការទាំង០៣ក្របខណ្ឌ (មន្រ្តីរាជការស៊ីវិល, នគរបាលជាតិ និងពន្ធនាគារ), ទី៣. ការរៀបចំឱ្យមានគ្រូបង្គោលទៅតាមអង្គភាពនីមួយៗ និងទី៤. បញ្ហាពាក់ព័ន្ធក្នុងការខ្ចីមន្ត្រីយកទៅប្រើប្រាស់។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានថ្លែងថា អគ្គនាយកដ្ឋានធនធានមនុស្ស នឹងខិតខំប្រឹងប្រែងបំពេញការងារ មានផែនការ និងគោលដៅច្បាស់លាស់ទៅតាមភារកិច្ចដែលបានកំណត់ជាមួយនឹងអង្គភាពពាក់ព័ន្ធ នៅក្នុងស្មារតីកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យក្រសួងមហាផ្ទៃ ទទួលបានជោគជ័យទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់ ៕