នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញវិលត្រលប់មកកម្ពុជាវិញ បន្ទាប់ពីបានអញើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន និងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។
ក្នុងដំណើរអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំកំពូល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខដឹកនាំរបស់កម្ពុជា ទទួលបានផ្លែផ្កាខ្ពស់ ជាពិសេសការបន្តពូនជ្រំពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ លើពិភពលោក និងលំដាប់លេខ១ ក្នុងតំបន់អាស៊ី និងបណ្តាប្រទេសនានាជាច្រើនដែលបានចូលរួម។ ជាមួយគ្នានេះ កម្ពុជាក៏ទទួលបានផ្លែផ្កា គួរជាទីមោទនៈពីកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ផងដែរ ៕