ឈ្វេងយល់ពីការប្រើប្រាស់ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ ជាការចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីឈ្វេងយល់ពីការប្រើប្រាស់ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ ជាការចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ។
– នៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៤គន្លង អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចណ៍ ចំពោះអ្នកបើកបរយានសាមញ្ញ ត្រូវបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវ។ អ្នកបើកបររថយន្ត អាចបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវបាន ក្នុងករណីចរាចរណ៍មមាញឹក និងបើកបរក្នុងល្បឿនយឺត។
– នៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៦គន្លង អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវកណ្ដាល លើកលែងតែការជែង អាចបើកបរតាម គន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចរណ៍។ ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបររថយន្ត អាចបើកបរបានតាមគន្លងផ្លូវទាំង២ រាប់ពីខឿនបែងចែកទិសចរាចរណ៍ ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវកណ្តាល។
ក្នុងករណីនេះ រថយន្តនៅតាមគន្លងផ្លូវណាមួយបើកបរ លឿនជាង មិនចាត់ទុកជាការជែងឡើយ ចំពោះអ្នកបើកបរយានសាមញ្ញ ត្រូវបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវ៕