អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន Xinyi Energy ជជែកលើឱកាសវិនិយោគផលិតកម្មកញ្ចក់ នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញបន្តបេសកកម្មក្នុងទីក្រុង Shenzhen ដោយបានជួបពិភាក្សាការងារជាមួយលោក Put Lee ប្រធានក្រុមហ៊ុន Xinyi Energy និងក៏ជាអនុប្រធានក្រុមហ៊ុន Xinyi Solar។
តាមរយៈជំនួបនេះ លោកប្រធានក្រុមហ៊ុន បានឆ្លៀតឱកាសលើកសរសើរអំពីគុណភាពខ្សាច់របស់ប្រទេសកម្ពុជា ដែលជាសមាសធាតុសំខាន់សម្រាប់ផលិតកម្មកញ្ចក់ ដោយក្នុងនោះក្រៅពីផលិតជាកញ្ចក់ធម្មតា ក្រុមហ៊ុនក៏អាចផលិតជាកញ្ចក់សូឡា(Solar Glass) ដែលអាចទាញយកថាមពលពន្លឺព្រះអាទិត្យយកមកប្រើប្រាស់បានផងដែរ។
ស្របតាមការលើកឡើងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញអំពីឱកាសវិនិយោគរបស់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រនៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់កញ្ចក់សម្រាប់ទីផ្សារនៅក្នុងតំបន់ ដោយហេតុថាកម្ពុជាមានខ្សាច់ដែលមានគុណភាពខ្ពស់ សមស្របសម្រាប់សង្វាក់ផលិតកម្មកញ្ចក់។ ជាមួយគ្នានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញលោកប្រធានក្រុមហ៊ុន Xinyi Energy ទៅទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀតនៅកម្ពុជា ។
បន្ទាប់ពីបានស្តាប់ការពន្យល់ណែនាំអំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ក្រុមហ៊ុនក៏បានបង្ហាញការតាំងចិត្តថានឹងអញ្ជើញមកទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីភាពខ្លាំង សក្តានុពលសម្រាប់ផលិតកម្ម ព្រមទាំងស្វែងរកឱកាសដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
សូមជម្រាបថា៖ Xinyi Solar គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដែលផ្គត់ផ្គង់កញ្ចក់ធំផុតក្នុងប្រទេសចិន ដែលមានរោងចក្រផលិតចំនួន១១ នៅទូទាំងប្រទេស។ ក្រុមហ៊ុននេះ ផលិតកញ្ចក់ប្រើសម្រាប់ទាញយកពន្លឺព្រះអាទិត្យប្រភេទ Photovoltaic ឈានមុខគេរបស់ពិភពលោក ហើយបើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុននេះមានសមត្ថភាពរំលាយប្រចាំថ្ងៃ (daily melting capacity) សរុបចំនួន ២១ ៨០០តោន៕