លទ្ធផលដំណើរទស្សនកិច្ចរបស់ប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម នៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃខេត្ត CLV ពីថ្ងៃទី១៧-២១ តុលា
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា បានចេញសេចក្តីបប្រកាសព័ត៌មានស្តីពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាកម្ពុជា-ឡាវ និងវៀតណាម នៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងអនុវត្តការត្រួតពិនិត្យ និងតាមដានការអភិវឌ្ឍ និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងបីរួមមាន៖ ផែនការសកម្មភាព និងកម្មវិធីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរួមនៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលចូលរួមដោះស្រាយដោយគណៈកម្មការចំនួន៣ លើវិស័យកិច្ចការបរទេសនិងនយោបាយ, វិស័យ កិច្ចសហ ប្រតិ បត្តិការសេដ្ឋកិច្ច និងសង្គម-វប្បធម៌, និងវិស័យសន្តិសុខ និងការពារជាតិ។
គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូឡាវដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត លីនខាំ ដួនសាវន្ត(Linkham DOUNSAVANH) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន នៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក វ៉ូ ហៃហា(Vu Hai Ha) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសាធារណរដ្ឋសង្គម និយមវៀតណាម។
គណៈប្រតិភូបានជួបពិភាក្សាជាមួយតំណាងខេត្តចំនួន១២ ស្ថិតក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ នៃប្រទេសទាំងបី មានខេត្តក្នុងប្រទេសវៀតណាមចំនួន៤ខេត្ត ប្រទេសកម្ពុជា៤ខេត្ត និងប្រទេសឡាវ ៤ខេត្ត។ គណៈប្រតិភូក៏បានទៅទស្សនាគម្រោងអភិវឌ្ឍមួយចំនួននៅតាមបណ្ដាខេត្តនៃប្រទេសទាំង៣ផងដែរ។