គ្រួសាររងគ្រោះដោយទឹកជំនន់ទឹកភ្លៀង មានជីវភាពក្រីក្រ ៥៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាតក្រហម ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ក្រុមការងារ សាខាកក្រក ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពី លោកជំទាវជ័យ ណារីអ៊ុំរាត្រី អនុប្រធានកិត្តិយសសាខា លោកជំទាវនួម សុភ័ណអនុប្រធានកិត្តិយសសាខា លោកប្រធានកិត្តិយសអនុសាខាក្រុងសិរីសោភ័ណ ក្រុមកាកបាទក្រហម សង្កាត់ អ្នកស្ម័គ្រចិត្ត យុវជន កក្រក នៅរសៀលថ្ងៃសៅរ៍ទី២១ ខែតុលា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌សាខា ទៅសួរសុខទុក្ខគ្រួសារក្រីក្ររងគ្រោះដោយទឹកជំនន់ចំនួន៥៨គ្រួសារ មកពី៤ភូមិ ក្នុងសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។ ការសួរសុខទុក្ខដល់គ្រួសាររងគ្រោះ ប្រារព្វក្នុងបរិវេនវត្តសុភមង្គល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ក្នុងឱកាសសាកសួរសុខទុក្ខនេះដែរ ឯកឧត្តមប្រធានបាននាំនូវប្រ សាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគឹតគួរពីសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត។ ជាថ្មីម្តងទៀតឯកឧត្តមប្រធានបានផ្តាំផ្ញើដល់បងប្អូនដែលរងគ្រោះសូមបង្កើនការប្រុងប្រយ័ត្ន ចំពោះក្មេងតូចៗកុំចុះលេងទឹក ដែលនាំអោយបាត់បង់ជីវិត ព្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះករណីក្មេងលង់ទឹកស្លាប់នៅស្រុកអូរជ្រៅ និងស្រុកមង្គលបូរីមានជាបន្តបន្ទាប់។ ជាចុងក្រោយឯកឧត្តមប្រធានសូមផ្តាំផ្ញើដល់បងប្អូនប្រុងប្រយ័ត្នដល់សត្វអស្សេរពិស ទាំងអស់គ្នា និងពេលរដូវទឹកសម្រកត្រូវចេះសម្អាតបរិស្ថានជុំវិញផ្ទះ ដើម្បីសុខភាពបងប្អូនគ្រប់ៗគ្នា។ អំណោយដែលសាខានាំមកនូវថ្ងៃនេះសម្រាប់មួយគ្រួសារៗទទួលបាន÷ អង្ករ១៥គីឡូក្រាម, មីជាតិ១កេស, ត្រីខ១យួរ និងទឹកត្រី១យួរ៕