ប្រជាពលរដ្ឋចំនួន១៥៤នាក់ នៅក្នុងមូលដ្ឋានឃុំកក់ បានទទួលការអប់រំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការពារនៃជំងឺគ្រុនឈាមពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងបន្តនិរន្តរភាពកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចាត់ឱ្យក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកពញាក្រែក ដឹកនាំមន្ត្រីជំនាញ ជាមួយអ្នកស្ម័គ្រចិត្តភូមិគោលដៅកម្មវិធី ចុះទៅធ្វើការអប់រំផ្សព្វផ្សាយពីវិធានការការពារទប់ស្កាត់នៃការរីករាលដាលជំងឺគ្រុនឈាម នៅក្នុងមូលដ្ឋាននៃភូមិចំនួន៣ របស់ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានតួលេខដូចខាងក្រោម ÷
– ភូមិសំបូរ ÷ អ្នកស្ម័គ្រចិត្តភូមិ ចំនួន៤នាក់/ស្រី១នាក់ និងប្រជាពលរដ្ឋ៦០នាក់/ស្រី៤៥នាក់។ សរុបចំនួន៦៤នាក់/ស្រី៤៦នាក់។
– ភូមិកញ្ចែ ÷ អ្នកស្ម័គ្រចិត្តភូមិចំនួន៤នាក់/ស្រី១នាក់ និងប្រជាពលរដ្ឋចំនួន៤៦នាក់/ស្រី៣១នាក់។ សរុបចំនួន៥០នាក់/ស្រី៣២នាក់។
– ភូមិត្រពាំងស្ទៀង ÷ អ្នកស្ម័គ្រចិត្តភូមិចំនួន១នាក់/ស្រី១នាក់ និងប្រជាពលរដ្ឋចំនួន៣៩នាក់/ស្រី២៩នាក់។ សរុបចំនួន៤០នាក់/ស្រី៣០នាក់។
នោះក្នុងឱកាសដែរ ក្រុមការងារបង្គោលគោលដៅរបស់សាខាបានរៀបរាប់ពន្យល់អំពីវដ្ដនៃការកើតមានជំងឺគ្រុនឈាមដែលបង្កឡើងដោយសារមូសខ្លា និងវិធានការទប់ស្កាត់ដើម្បីកុំឲ្យមានការកើនឡើងបន្តទៀតនៅក្នុងសហគមន៍ និងមូលដ្ឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយធ្វើឲ្យបានទៅតាមទិសស្លោករបស់ក្រសួងសុខាភិបាល “គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម” ជាពិសេសនៅពេលមានអាការ:រោគ ឬមុខសញ្ញាដូចសូមប្រញ៉ាប់ប្រញាល់ទៅមណ្ឌលសុខភាព ឬពិភាក្សាជាមួយគ្រូពេទ្យជំនាញ និងសូមបញ្ឈប់ការព្យាបាលដោយខ្លួនឯងព្រោះដើម្បីសុវត្ថិភាពទាំងអស់គ្នា។
សកម្មភាពផ្សព្វផ្សាយនេះ សាខាបានប្រើប្រាស់សម្ភារៈដូចជា ខិត្តប័ណ្ណរូបភាពផ្ទាំងធំ(វិធានការការពារជំងឺគ្រុនឈាម) ចំនួន១៩៤សន្លឹក និងសាប៊ូប្រូធីកដុំចំនួន១៦៣ដុំ៕