ឯកឧត្តម ប៉ែន បូណា រំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា គឺជាការរំលឹកវីរភាពនៃតួអង្គរដ្ឋបុរសរបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាការរំលឹកវីរភាពនៃតួអង្គរដ្ឋបុរសរបស់កម្ពុជា។
ខាងក្រោមនេះជាខ្លឹមសាររបស់ឯកឧត្តម ប៉ែន បូណា៖
ថ្ងៃទី ២៣ តុលា ឆ្នាំ ២០២៣ នេះ គឺជាខួបទី ៣២ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣)។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិដ៏វែងអន្លាយនៃដំណើរស្វែងរកសន្តិភាពនៅកម្ពុជា។
នៅមុនឈានដល់កិច្ចចរចាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មានព្រឹត្តិការណ៍សំខាន់បំផុតមួយដែលខ្មែរគ្រប់គ្នាចងចាំមិនភ្លេចគឺថ្ងៃ ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រទេសនិងជីវិតខ្មែរឱ្យរួចរស់ពីសេចក្តីស្លាប់នៃរបបវាលពិឃាដខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនេះ។
នៅពេលគេនិយាយពីកិច្ចព្រៀងសន្តិភាពក្រុងប៉ារីស គេត្រូវនិយាយពីតួអង្គសំខាន់ពីរគឺ៖ តួអង្គព្រះមហាវីរៈក្សត្រ ព្រះបរមរតៈកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងតួអង្គសម្តេចតេជោ ហ៊ុន សែន (ដោយមានការជ្រោមជ្រែងពីសហគមន៍អន្តរជាតិ)។ បើគ្មានការលះបង់និងការប្តេជ្ញាចិត្តខ្ពស់របស់តួអង្គទាំងពីរនេះទេ កិច្ចព្រមព្រៀងនេះក៏មិនអាចកើតមានដែរ។
តាមរយៈការចរចាដ៏ស្វិតស្វាញនិងប្រើពេលជិត៤ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសក៏បានសម្រេចឡើងនាថ្ងៃទី ២៣ តុលា ១៩៩១ ដែលបើកផ្លូវឱ្យមានការបោះឆ្នោតឆ្នាំ ១៩៩៣។ ប៉ុន្តែ ក្រោយបង្កើតនិងប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ និងក្រោយពីកម្លាំងអ៊ុនតាក់បានដកចេញពីកម្ពុជា សន្តិភាពនៅមិនទាន់រកឃើញនៅឡើយ។ កម្លាំងខ្មែរក្រហមនៅតែបន្តគ្រប់គ្រងដែនដីមួយផ្នែករបស់កម្ពុជា ហើយអសន្តិសុខនិងជម្លោះប្រដាប់អាវុធនៅតែកើតមាន។
តួអង្គសម្តេចតេជោ ហ៊ុន សែន ដែលបានលេចមុខតាំងពីដើមទីក្នុងបុព្វហេតុស្រោចស្រង់ជាតិនិងអាយុជីវិតខ្មែរ ក៏បានបន្តបេសកកម្មដើម្បីស្វែងរកសន្តិភាពជូនកម្ពុជារហូតដល់សម្រេចបានទាំងស្រុងនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយ«ឈ្នះឈ្នះ»តាមរូបមន្តខ្មែរសុទ្ធសាធ។ សន្តិភាពក៏បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រទេសរហូតសព្វថ្ងៃ។
សរុបមកវិញ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គស្រោចស្រង់ជាតិ ជាតួអង្គដែលហ៊ានចេញមុខតតាំងដណ្តើមជីវិតខ្មែរពីចង្កូមមជ្ជុរាជ ជាតួអង្គបិតាស្ថាបនិកសន្តិភាព និងការបង្រួបបង្រួមជាតិ និងជាតួអង្គនៃការអភិវឌ្ឍន៍ប្រទេសឱ្យស្គាល់ការរីកចម្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំចុងក្រោយ។ ដូច្នេះ ប្រាកដណាស់ថា សម្តេចតេជោ ហ៊ុន សែន គឺជារដ្ឋបុរសដ៏កម្រនិងដ៏ឆ្នើមរបស់កម្ពុជានាចុងសតវត្សរ៍ទី ២០ និងដើមសតវត្សរ៍ទី ២១ នេះ ៕