ឯកឧត្តម សុខ លូ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល RSB CUP ដែលរៀបចំដោយក្រុមហ៊ុន បុរី រស្មីបាត់ដំបង ឯ.ក
ភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល RSB CUP ដែលរៀបចំដោយក្រុមហ៊ុន បុរី រស្មីបាត់ដំបង ឯ.ក។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំនៅទីលានវាយកូនហ្គោលRSB ស្ថិតក្នុងភូមិចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់ ដែលមានកីឡាករចំនួន ១០៨នាក់ ចូលរួម (កីឡាករខ្មែរចំនួន ៥៤នាក់ និងកីឡាករថៃមកពីខេត្តចន្ទបុរី ចំនួន ៥៤នាក់) ដើម្បីដណ្ដើមយកពានរង្វាន់។
ការប្រកួតចែកជា២ជុំ ដែលជុំទី១ ចាប់ផ្តើមនៅវេលាម៉ោង ៧:៣០នាទី ដោយមានកីឡាករ ៩ក្រុម (១ក្រុម មាន៦នាក់) ចាប់ផ្តើមប្រកួតដើម្បីស្វែងរកពិន្ទុរៀងខ្លួនៗ ហើយបញ្ចប់នៅម៉ោង ១១:៣០នាទី និងការប្រកួតជុំទី២ ចាប់ផ្តើមនៅវេលាម៉ោង ១៣:៣០នាទី ដោយមានកីឡាករ ៩ក្រុម (១ក្រុម មាន៦នាក់) ចាប់ផ្តើមប្រកួតដើម្បីស្វែងរកពិន្ទុរៀងខ្លួនៗ ហើយបញ្ចប់នៅម៉ោង ១៧:៣០នាទី។
ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ឧកញ៉ា ហេង តុលា ប្រធានក្រុមហ៊ុន បុរី រស្មីបាត់ដំបង ឯ.ក ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះឡើង ហើយឯកឧត្តមក៏គាំទ្រឱ្យមានព្រឹត្តិការណ៍បែបនេះឱ្យបានច្រើន ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងកំណើនភ្ញៀវទេសចរក្នុងខេត្តបាត់ដំបង៕