អ៊ីស្រាអែលថា ហេសបូឡាហ៍អូសលីបង់ទៅរកសង្រ្គាម
បរទេស៖ អ៊ីស្រាអែលបានឲ្យដឹងថា ក្រុមហេសបូឡា ប្រថុយនឹងអូសទាញប្រទេសលីបង់ ចូលទៅក្នុងសង្រ្គាមក្នុងតំបន់កាន់តែទូលំទូលាយ បន្ទាប់ពីយប់នៃការបាញ់ឆ្លងព្រំដែនដ៏ខ្លាំងក្លាមួយទៀតជាមួយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់។
នៅពេលដែលយោធាអ៊ីស្រាអែលប្រយុទ្ធជាមួយក្រុមហាម៉ាស់ដែលមានមូលដ្ឋាននៅហ្គាហ្សា បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ក្រុមនេះទៅលើអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលា ខ្លួនក៏បានប្រឈមមុខនឹងការគំរាមកំហែងដល់ភាគខាងជើងដែលបង្កឡើងដោយក្រុមហេសបូឡា ដែលបានធ្វើសង្គ្រាមចុងក្រោយជាមួយប្រទេសជិតខាងក្នុងឆ្នាំ២០០៦។
អ៊ីស្រាអែលបានរាយការណ៍ថា មីស៊ីលប្រឆាំងរថក្រោះត្រូវបានបាញ់ម្តងទៀតពីប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ហើយថាវាបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក។ នៅក្នុងការព្រមានដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ខ្លួន យោធាបានបន្តថា ក្រុមហេសបូឡាហ៍កំពុងលេងល្បែងដ៏គ្រោះថ្នាក់បំផុត និងទាញប្រទេសលីបង់ចូលទៅក្នុងសង្រ្គាម។
យោងតាមក្រសួងការពារជាតិអ៊ីស្រាអែល បានឱ្យដឹងថា មនុស្សជាង ៦០,០០០នាក់ក្នុងប្រទេសអ៊ីស្រាអែលត្រូវបានជម្លៀសនៅតាមព្រំដែនជាមួយប្រទេសលីបង់ រួមទាំងទីក្រុង Kiryat Shmona ដែលជាទីក្រុងធំបំផុតរបស់តំបន់នេះ ហើយអ្នកស្រុកនៃសហគមន៍ចំនួន ១៤ បន្ថែមទៀតត្រូវបានកំណត់ឱ្យចាកចេញ។
ប្រភព៖ Yahoo
ប្រែសម្រួលដោយ៖ ឡាយ លីហួ