រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់នៃឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក ឯកឧត្ដមអគ្គាធិការ ឯកឧត្ដម លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ដែលបានចូលរួមស្តាប់តាមប្រព័ន្ធ ZOOM ។
បន្ទាប់ពីបានជូនរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលា និងទិសដៅការងារបន្តរួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ឱ្យថ្នាក់ដឹកនាំ និងសមាជិកអង្គប្រជុំយកចិត្តទុកដាក់ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល មានកសាងកម្ពុជាមានមហិច្ឆិតា លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។
ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្ដនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញកម្មវិធីសំខាន់ចំនួន ៤គឺ៖
១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដោយខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវ ពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ គ្រប់រដូវកាល និងបែងចែកកំណើនសេដ្ឋកិច្ចទៅដល់តំបន់ជនបទ។
២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញសេវាគ្របដណ្តប់ ១០០% នៃទឹកស្អាត និងអនាម័យនៅត្រឹមឆ្នាំ២០៣០។
៣. ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយជំរុញការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។
៤. ពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងអំពីវឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលបច្ចុប្បន្នសម្រេចបាន ៨០% ហើយ ព្រមទាំងបានណែនាំឱ្យបន្ដជំរុញបង្កើតភូមិគំរូបន្ថែមទៀត លើភូមិគំរូ ដែលមានស្រាប់ចំនួន ៣០ភូមិ។
ដោយឡែកចំពោះបញ្ហាផ្សេងៗ ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងអំពីការងារមួយចំនួន ដូចខាងក្រោម៖
-ចូលរួមការរៀបចំប្រទីបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអបអរសាទរក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នាពេលខាងមុខ
-បង្កើតគណៈកម្មការមួយចំនួន ដេីម្បីជាយន្តការដឹកនាំសមូហភាព និងសម្របសម្រួលការងារតាមវិស័យ
-ការងារបណ្ដុះបណ្ដាលលើការងារដឹកនាំដល់មន្ត្រីជំនាញ ដើម្បីពង្រឹងស្ថាប័ន ដែលត្រូវតែជាមន្ត្រីប្រកបដោយគុណវុឌ្ឍិ គុណធម៌ និងគុណតម្លៃ
-អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ត្រូវអនុវត្តរបបប្រជុំត្រួតពិនិត្យការងារប្រចាំខែ ត្រីមាស ឆមាស និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរផងដែរ ៕