សម្តេចធិបតី៖ ធនធានមនុស្ស ជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍជាតិ ប៉ុន្ដែសុខភាពជាកត្តាកំណត់នូវផលិតភាព និងសមត្ថភាពរបស់មនុស្ស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ធនធានមនុស្សគឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប៉ុន្ដែសុខភាពគឺជាកត្តាកំណត់មួយនូវផលិតភាព និងសមត្ថភាពរបស់មនុស្ស ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ» នាថ្ងៃទី២៤ តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ដូចនេះសុខភាពគឺជាកត្តាកំណត់មួយនូវផលិតភាពនិងសមត្ថភាពរបស់មនុស្ស ផ្ទុយទៅវិញបើមិនមានសុខភាពមិនមានចំណូលទេមានតែចំណាយគឺមិនអាចទៅរួចទេ។ អីចឹងការធានានូវការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់»។
សម្ដេចធិបតីបន្ធែមថា រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ ហើយគោលនយោបាយយុទ្ធសាស្រ្តចតុកោណក្នុងអាណត្ដិមុនក៏បានយកចិត្តទុកដាក់លើកត្ដា មនុស្ស ផ្លូវ ទឹក ភ្លើង ដែលមនុស្សនៅតែអាទិភាពទីមួយ ខណៈយុទ្ធសាស្ត្របច្ចកោណ ក្នុងអាណត្ដិទី៧នេះ ក៏ចាត់ទុកមនុស្សនៅ តែជាអាទិភាពទីមួយជាគោល ដូច្នេះការវិនិយោគទៅលើសុខាភិបាលនិងអប់រំនៅតែជាអតិភាពធំសម្រាប់រាជរដ្ឋាភិបាល។
សម្ដេចធិបតីលើកឡើងថា ការបង្កើតនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពនេះ គឺដើម្បីដោះស្រាយបញ្ហាចំពោះមុខដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះជីវភាពរស់នៅនិងសុខភាពប្រជាពលរដ្ឋនេះគឺជាបញ្ហាសំខាន់បំផុត ៕