សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសម្តេចតេជោ ដែលផ្តួចផ្តើមបង្កើត «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមបង្កើត «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នេះឡើង និងអរគុណអតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដែលរួមគ្នាកសាងរហូតលេចចេញជារូបរាង។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ» នៅថ្ងៃទី២៤ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមអរគុណសារជាថ្មី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលលោកមានចក្ខុវិស័យ និងការដឹកនាំវះកាត់ក្នុងការសម្របសម្រួលទប់ស្កាត់កូវីដ១៩ ក៏ដូចជាចក្ខុវិស័យក្នុងការដាក់ចេញគោលនយោបាយ រួមទាំងការកសាងនៅពេលនេះ ខ្ញុំសូមអរគុណណាស់ជូនទៅដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា ថ្នាក់ដឹកនាំក្រសួង ស្ថានពាក់ព័ន្ធនានា»។
មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការ ជាមួយ សាលា រាជធានី ភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ ៕