ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជាង ១,២ម៉ឺននាក់ នៅខេត្តកំពង់ចាម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១២.០៦០នាក់ នៅ បណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
រោងចក្រ សហគ្រាសទាំង ១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៧ រោងចក្រដេរស្បែកជើង ចំនួន៥ រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន១ និងរោងចក្រតម្បាញ ចំនួន១។ នេះគឺជាលើកទី៦ ហើយ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេល រាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិត៥លើករួចមកហើយ ដោយ លើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិតចូលរួមចំនួន ១៨,០១៣នាក់, លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់, លើកទី៣ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់, លើកទី៤ ធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងស្រុកបាទី ខេត្តតាកែវ មានកម្មករ និយោជិតចូលរួម ១៨,១០៤នាក់ និងលើកទី៥ ធ្វើឡើង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ ដោយមានកម្មករនិយោជិតចូលរួមចំនួន ១៨,០៩៩នាក់ ៕