សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះឆ្នោតគឺជាកុងត្រា នៅក្នុងលទ្ធិប្រជាធិបតេយ្យ រវាងអ្នកដឹកនាំនយោបាយ និងប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន១២,០៦០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៤ ស្ថិតក្នុងស្រុកព្រៃឈរ និង ស្រុកកំពង់សៀម ខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាការបោះឆ្នោតគឺជាកុងត្រានៅក្នុងលទ្ធិប្រជាធិបតេយ្យរវាងអ្នកដឹកនាំនយោបាយ និងប្រជាពលរដ្ឋ ហើយកុងត្រានេះមានរយៈពេល៥ឆ្នាំម្ដង។
សម្តេចធិបតី បានបន្តថា បើរាជរដ្ឋាភិបាលធ្វើមិនត្រូវ មិនល្អ នោះប្រជាជនរដ្ឋនឹងមិនបោះឆ្នោតឲ្យទេ ប៉ុន្តែពេលដែលអ្នកដឹកនាំធ្វើកាន់តែល្អគឺប្រជាពលរដ្ឋកាន់តែបោះឆ្នោតឲ្យហើយសំឡេងឆ្នោតក៏កាន់តែកើនឡើង ដែលនឹងផ្ដល់កុងត្រាឲ្យគណបក្សនយោបាយកាន់តែរឹងមាំថែមទៀត។
សម្រាប់កុងត្រាឆ្នាំ២០២៨ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គណបក្សបានដាក់ទិសដៅយ៉ាងច្បាស់លាស់ រៀបចំគោលនយោបាយច្បាស់លាស់ដើម្បីបន្តបម្រើប្រជាជនឲ្យកាន់តែបានល្អច្រើនជាងនេះថែមទៀត ៕