សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាចម្បងដែលធ្វើឲ្យគោលដៅសម្រេចរបស់កម្ពុជា នៅឆ្នាំ២០៥០ គឺការថែរក្សានូវសុខសន្តិភាព
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន១២,០៦០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៤ ស្ថិតក្នុងស្រុកព្រៃឈរ និង ស្រុកកំពង់សៀម ខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កត្តាចម្បងដែលធ្វើឲ្យគោលដៅសម្រេចរបស់កម្ពុជា នៅឆ្នាំ២០៥០ គឺការថែរក្សានូវសុខសន្តិភាព ត្រូវធានាឱ្យបានជាដាច់ខាត់នូវសន្តិភាពនៅក្នុងប្រទេសរបស់យើង។
សម្ដេចធិបតី បានបន្តថា ឥឡូវនេះគេថាសន្តិភាពខ្មោច តាមតែគេថាចុះ ប៉ុន្តែបងប្អូនយល់ហើយ បើគ្មានពាក្យនេះទេយើងមិនអាចទៅរួចទេ ហើយបើគ្មានសន្តិភាព គឺគ្មានស្ថេរភាព បើគ្មានស្ថេរភាព គឺគ្មានការអភិវឌ្ឍស្រួលបួលនោះទេ។
សម្តេចធិបតី បានបន្ថែមថា សង្គ្រាមនៅប្រទេសមួយអាចរាលដល់តំបន់មួយ កើតនៅតំបន់មួយអាចរាលដល់ទូទាំងប្រទេស ដូចជាសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែន មិនត្រឹមតែធ្វើឱ្យរុស្ស៊ីនិងអ៊ុយក្រែនខ្ទេចនោះទេ វាធ្វើឱ្យមានវិបត្តិថាមពល ថ្លៃប្រេងឡើងខ្ពស់ ធ្វើឱ្យប្រទេសជាច្រើនដូចជានៅអ៊ឺរ៉ុប សហរដ្ឋអាមេរិក ប៉ះពាល់សេដ្ឋកិច្ចដោយសារកំណើនសេដ្ឋកិច្ចត្រូវថយដោយសារវិបត្តិថាមពល។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនត្រឹមតែប្ដេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាពនៅក្នុងប្រទេសខ្លួនឯងនោះទេ ប៉ុន្តែក៏ជាតួអង្គរបស់រាជរដ្ឋាភិបាលកម្ពុជាមួយដើមតួនាទីយ៉ាងសំខាន់មួយនៅក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ សមាជិកអាស៊ាន ដើម្បីដើរតួនាទីទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីចូលរួមថែរក្សាស្ថេរភាព សន្តិភាព នៅក្នុងតំបន់កុំឱ្យមានការប៉ះពាល់។
សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា កាលពីឆ្នាំទៅ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន សម្តេចខិតខំធ្វើការណាស់ដើម្បីសម្របសម្រួលការវាយគ្នានៅភូមា ដើម្បីកុំឱ្យមានសង្គ្រាមរាវ នេះហើយបានជាយើងត្រូវយល់អំពីតម្លៃ និងថែរក្សានូវសុខសន្តិភាព ៕