សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជីវិតប្រជាពលរដ្ឋ ជាគោលដៅធំ ដែលរាជរដ្ឋាភិបាលបានធ្វើ និងខិតខំធ្វើ ក្នុងរយៈពេល ៤៤ឆ្នាំនេះ
ភ្នំពេញ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការជួយជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើ និងខិតខំធ្វើអស់រយៈពលជាង៤៤ឆ្នាំ និងបន្តខិតខំធ្វើបន្ថែមនាពេលបច្ចុប្បន្ននេះ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជាង ១,២ម៉ឺននាក់ នៅខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតីគូសបញ្ជាក់ថា «ជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំដែលយើងបានធ្វើ និងខិតខំធ្វើ ក្នុងរយៈពេល៤៤ឆ្នាំនេះ ចាប់តាំងពីការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨។ កូវីដ សង្គ្រោះជីវិតប្រជាពលរដ្ឋសុខចិត្តបិទប្រទេសកន្លែងខ្លះ ខិតខំរកវ៉ាក់ដាក់ប្រទេស ដើម្បីជួយជីវិតប្រជាពលរដ្ឋ។អាយុជីវិតប្រជាពលរដ្ឋសំខាន់ណាស់ ហើយយើងបានយកចិត្តទុកដាក់» ។
ទន្ទឹមគ្នានេះ ករណីសង្រ្គាមនៅប្រទេសអ៊ីស្រាអែល ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ សម្ដេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង និង តាមដានជាប់ជាប្រចាំ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរៀន និងធ្វើការនៅប្រទេសអ៊ីស្រាអែល មានសុវត្ថិភាព ដែលមកដល់ពេលនេះពួកគេមានសុវត្ថិភាព និងបំពេញការងារបានជាធម្មតា។
តែយ៉ាងណាសម្តេចបញ្ជាក់ថា បើទោះបីជាស្ថានភាពនៅអ៊ីស្រាអែលគ្រប់គ្រងបានច្រើនក៏ដោយ ប៉ុន្តែស្ថានភាពនៅតែមានភាពមិនច្បាស់លាស់។
សម្តេចធិបតី លើកឡើងថា កម្ពុជាមិនត្រឹមតែប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាពក្នុងប្រទេសខ្លួនឯងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ សមាជិកអាស៊ាន នឹងចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនៅក្នុងតំបន់ កុំឱ្យមានការប៉ះពាល់៕