ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ខ្ញុំតាមដានជាប់ជាប្រចាំ ដោយត្រូវរាយការណ៍ឱ្យខ្ញុំមួយថ្ងៃ៤ដង អំពីស្ថានភាពពលរដ្ឋ និងបងប្អូននិស្សិតខ្មែរនៅអ៊ីស្រាអែល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានជាប្រចាំអំពីស្ថានភាពនៅប្រទេសអ៉ីស្រាអែល ជាពិសេសស្ថានភាពពលរដ្ឋ និងនិស្សិតខ្មែរជាង ៤០០នាក់នៅទីនោះ ដោយតម្រូវឱ្យមានការរាយការណ៍ ៤ដងក្នុងមួយថ្ងៃ ចាប់តាំងពីមានការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤មក។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតកម្ពុជា ជាង១ម៉ឺននាក់ នៅស្រុកចំនួន២ ក្នុងខេត្តកំពង់ចាម នាថ្ងៃទី២៥ តុលា សម្តេចធិបតីថ្លែងថា «ចោទថារដ្ឋាភិបាលខ្មែរ មិនបំពេញកាតព្វកិច្ចរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ? ជីវិតប្រជាពលរដ្ឋគឺជាគោលដៅធំដែលយើងបានធ្វើ និងខិតខំធ្វើ ក្នុងរយៈពេល៤៤ឆ្នាំមកនេះ តាំងពីការរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត»។
សម្តេចរិះគន់ថា ក្រុមប្រឆាំងដែលអួតអាងថា ជាអ្នកគិតគូរពីប្រជាពលរដ្ឋនោះ គ្រាន់តែចេញវីដេអូមួយឃ្លីបពីរឃ្លីបប៉ុណ្ណោះ ក៏ទៅបាត់ តើពួកគេជាអ្នកគិតពីផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដឬទេ?
ទោះជាយ៉ាងសម្តេចសម្តែងការសោកស្តាយចំពោះការបាត់បង់និស្សិតខ្មែរម្នាក់ ដោយការវាយប្រហារនៅតំបន់ហ្គាហ្សា ប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ហើយសពនិស្សិតត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ដែលរាជរដ្ឋាភិបាលទទួលបន្ទុកទាំងអស់។
សម្តេចបានបញ្ជាក់បន្ថែមថា «តាំងពីថ្ងៃផ្ទុះដំបូងរហូតមកដល់ពេលនេះ ខ្ញុំឱ្យតាមដានជាប់ជាប្រចាំ ដោយត្រូវរាយការណ៍ឱ្យខ្ញុំមួយថ្ងៃ៤ដង ម៉ោង៧ព្រឹក ម៉ោង១២ថ្ងៃត្រង់ ម៉ោង៧ល្ងាច និងម៉ោង១០យប់ អំពីស្ថានភាពរបស់ប្រជាពលរដ្ឋ បងប្អូននិស្សិតយើងនៅអ៉ីស្រាអែល»។
សម្តេចបានបន្តទៀតថា «បងប្អូនដែលដឹងពីហានិភ័យរបស់គាត់ គឺអ្នកនៅហ្នឹងខ្លួនឯង ហើយបើគាត់ចេញមកប្រាប់ថា កន្លែងដែលគាត់កំពុងនៅសុវត្ថិភាព គាត់បានលឺគ្រាប់មែន ប៉ុន្តែគាត់ថាមិនចាំបាច់ចេញទេ ដោយសារតែមានការធានា និងនៅបន្តការងារទៀត យើងគួរតែជឿគាត់ទៅ ជឿអ្នកនៅផ្ទាល់នៅហ្នឹងកន្លែង រដ្ឋាភិបាលជឿ ហើយមិនបង្ខំទេ ប៉ុន្តែយើងត្រៀមលក្ខណៈ បើគាត់ត្រូវការយើងនឹងផ្តល់ការជម្លៀសតាមហ្នឹង»។
សម្តេចបង្ហើបថា រាជរដ្ឋាភិបាល បានត្រៀមសណ្ឋាគារផ្កាយ៥មួយ នៅចម្ងាយ ៣០០គីឡូពីតំបន់ដែលមានការវាយប្រហារ ដើម្បីទុកត្រៀមសម្រាប់ជម្លៀសពលរដ្ឋ និងនិស្សិតខ្មែរ ដែលមានបំណងជម្លៀស។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋ និងនិស្សិតខ្មែរណាមួយ ក្នុងចំណោមជាង៤០០នាក់ នៅក្នុងប្រទេសអ៉ីស្រាអែល បានជម្លៀសទៅកាន់សណ្ឋាគារផ្កាយ៥ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា នៅចម្ងាយ៣០០គីឡូម៉ែត្រ ពីតំបន់មានការវាយប្រហារនៅឡើយទេ ដោយពួកគេអះអាងថា តំបន់ដែលខ្លួនរស់នៅ ត្រូវបានធានាសុវត្ថិភាព និងបន្តការងារធម្មតា ៕