អគ្គនាយកដ្ឋានធនធានមនុស្ស ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយតួនាទី ភារកិច្ច លំហូរការងារ និងពិភាក្សាការងារបុគ្កលិកមួយចំនួន
ភ្នំពេញ៖ អគ្គនាយកដ្ឋានធនធានមនុស្ស នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយតួនាទី ភារកិច្ច លំហូរការងារ និងពិភាក្សាការងារបុគ្កលិកមួយចំនួន ជាមួយតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ អគ្គនាយក បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របទៅតាមច្បាប់កំណត់។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា កម្មវត្ថុនៃកិច្ចប្រជុំសម្រាប់ថ្ងៃនេះ គឺប្រជុំផ្សព្វផ្សាយតួនាទី ភារកិច្ច លំហូរការងាររបស់អគ្គនាយកដ្ឋានធនធានមនុស្ស រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ធ្វើការសិក្សាទៅលើតម្រូវការធនធានមនុស្សទៅតាមអង្គភាពជំនាញនានា នៅក្នុងក្រសួងមហាផ្ទៃ រៀបចំផែនការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការទាំង ០៣ក្របខណ្ឌ ទៅតាមតម្រូវការជាក់ស្ដែងនៃឆ្នាំនីមួយៗ និងការពិនិត្យទៅលើការផ្ដល់ទិដ្ឋាការបៀវត្សមន្ត្រីនគរបាលជាតិ តាមនីតិវិធី ដើម្បីរួមសហការបំពេញការងារផ្អែកលើភារកិច្ចដែលបានកំណត់ ធ្វើឱ្យដំណើរការនៃលំហូរការងារទទួលបានជោគជ័យ។
ទន្ទឹមនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានថ្លែងថា អគ្គនាយកដ្ឋានធនធានមនុស្ស រួមជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នឹងបន្តខិតខំប្រឹងប្រែងបំពេញការងារ មានផែនការ និងគោលដៅច្បាស់លាស់ទៅតាមភារកិច្ចដែលបានកំណត់ នៅក្នុងស្មារតីកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យក្រសួងមហាផ្ទៃ ទទួលបានជោគជ័យទៅតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដែលបានកំណត់ ៕