កម្ពុជា-កាណាដា ត្រៀមខ្លួនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ បន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ Ping M. Kitnikone ក្នុងឱកាសដែលលោកជំទាវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសកាណាដា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរ អំពីការត្រៀមខ្លួនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ក្នុងអំឡុងពេលជំនួប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងសេចក្ដីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកសាងសមត្ថភាព ទេសចរណ៍ ដល់ការដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាព។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនកាណាដា និងបានលើកទឹកចិត្តឱ្យភាគីកាណាដាបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូងរវាងក្រសួងការបរទេសទាំងពីរនាអនាគតពេលខាងមុខ ៕