ក្រសួងធនធានទឹក៖ ភ្លៀងនិងបន្តធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០% ទៅ ៦០%។
ក្រសួងបន្តថា ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។
ក្រសួងធនធានទឹកបញ្ជាក់បន្ថែមថា នៅថ្ងៃទី៣០ ខែតុលា នៅតំបន់ទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០% ហើយនៅតំបន់ខ្ពង់រាបនឹងមានភ្លៀងធ្លាក់កម្រិតខ្សោយ គ្របដណ្ដប់លើផ្ទៃដីពី ១០% ទៅ ២០% ៕