សម្តេចតេជោ ហ៊ុន សែន៖ ទោះបីបក្សប្រជាជន មានធនធានមនុស្ស និងហិរញ្ញវត្ថុច្រើន ប៉ុន្តែមិនបានមើលទៅបក្សដទៃ មិនស្មើភាពជាដៃគូរបស់ខ្លួននោះទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បើទោះបីគណបក្សប្រជាជនកម្ពុជាមានធនធានមនុស្សច្រើន និងមានធនធានហិរញ្ញវត្ថុ ប៉ុន្តែមិនបានមើលស្រាលគណបក្សដទៃឡើយ មានតែចាតុកទុកគណបក្សនានាជាដៃគូរបស់ខ្លួន ស្មើភាព ស្មើសិទ្ធិគ្នា។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចងសម្ពន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាបក្សនយោបាយចំនួន២៧ផ្សេងទៀត នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សនយោបាយទាំងអស់គឺជាដៃគូស្មើភាព ស្មើសិទ្ធិដូចៗគ្នា ហើយក៏មិនមែនចំណុះគណបក្សប្រជាជនកម្ពុជានោះដែរ ប៉ុន្តែគណបក្សនយោបាយទាំងអស់សុទ្ធតែស្ម័គ្រចិត្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិកម្ពុជា ទោះបីគណបក្សប្រជាជនកំពុងដឹកនាំប្រទេសក៏ដោយ ។
សម្ដេចតេជោថ្លែថា «គណបក្សប្រជាជន ទោះបីខ្លួនមានសមត្ថភាព ធនធានមនុស្សច្រើន ហិរញ្ញវត្ថុរបស់ខ្លួនក៏មានច្រើន ក៏ប៉ុន្តែគណបក្សប្រជាជនមិនបានមើលទៅគណបក្សដទៃ ជាគណបក្សមិនស្មើភាពជាដៃគូរបស់ខ្លួននោះទេ ទោះបីមានទម្រង់បែបណា មានធនធានបែបណាក៏ដោយ» ៕