រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើ ADB ពិចារណាពង្រីកទុនវិនិយោគ លើវិស័យគ្រប់គ្រងធនធានទឹក ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះធម្មជាតិនានា
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។
នៅទីស្តីការក្រសួងធនធានទឹក នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា បានទទួលជួបពិភាក្សាការងារលើវិស័យធនធានទឹកជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី លោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា និងសហការី ដែលបានឆ្លៀតពេលដ៏មានតម្លៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារវិស័យធនធានទឹក ក្រោមជំនួយបច្ចេកទេស និង ADB ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ចំពោះការរួមចំណែកយ៉ាងធំធេងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងការអភិវឌ្ឍនិងការរីកចម្រើននៃសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ដែលធនាគារADB បានចូលរួមក្នុងការធ្វើទំនើបកម្មវិស្វកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
សូមជម្រាបថា គិតមកដល់ពេលបច្ចុប្បន្ននេះធនាគារ ADB បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួនពីរគឺ ទី១) គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម (IAIP) និងទី២) គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFACVS)។ ដោយឡែកគម្រោងដែលកំពុងសិក្សាមានចំនួនពីរគឺ ទី១) គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) និងទី២)គម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្មដែលមានភាពធន់ និងមាននិរន្តរភាព (CAISAR)។
ក្នុងឱកាសជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែងលើកិច្ចការវិនិយោគក្នុងវិស័យធនធានទឹក និងឧតុនិយមពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៩ ឈានទៅកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍។
លោកជំទាវនាយិកាបានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការរក្សា និងជំរុញកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព។
លោកជំទាវ និងសហការីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងសន្យាបន្ថែមទុនវិនិយោគជាមួយក្រសួងធនធានទឹក និងឧតុនិយម និងជាពិសេសទុនវិនិយោគលើការងារជួសជុលថែរទាំប្រព័ន្ធធារាសាស្រ្ត (O&M) ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ថា ជំនួបពិភាក្សាការងារបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកឱ្យកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕