អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសមាគមកីឡា្រដាល់គុនខ្មែរ ប្រដាល់សកល ឃីកបុកស៊ីង និងMMA របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងារ នៃប្រភេទកីឡាប្រដាល់គុនខ្មែរ ប្រដាល់សកល ឃីកបុកស៊ីង និងកីឡាយុទ្ធគុនចម្រុះ (MMA) ចំណុះក្រសួងមហាសផ្ទៃ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅអគារមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ នាឱកាសដឹកនាំកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការ បានជំរុញ និងលើកទឹកចិត្ត ដល់សមាគមកីឡាប្រយុទ្ធទាំង០៤ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការងារបណ្តុះបណ្តាលកីឡាករ-កីឡាការិនីថ្នាលវ័យក្មេងឱ្យបានកាន់តែច្រើន ដើម្បីត្រៀមធនធានសម្រាប់បន្តវេន ក្នុងគោលដៅបង្កើនកិត្យានុភាពរបស់អង្គភាពទៅថ្ងៃមុខ។ ក្នុងឱកាសនោះដែរ ឯកឧត្តម យិត ភីរៈ ក៏បានប្រគល់ភារកិច្ច និងការរៀបចំកែសម្រួលការទទួលខុសត្រូវ ជូនដល់ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ ដល់កីឡាទាំង ០៤ប្រភេទនេះផងដែរ។ បន្ថែមលើនោះទៀត ឯកឧត្តម អគ្គលេខាធិការ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមកីឡានីមួយៗ ត្រូវបង្កើតឱកាសសិក្សារៀនសូត្រចំណេះដឹងទូទៅជូនដល់កីឡាករ-កីឡាការិនី ក្នុងនោះការសិក្សាភាសាបរទេសក៏ជាចំណុចដ៏សំខាន់ផងដែរ ដែលកីឡាករកីឡាការិនីទាំងអស់ ត្រូវចាប់ផ្តើមសិក្សារៀនសូត្រ ដើម្បីចាប់យកឱកាសចេញទៅប្រកួតនៅក្រៅប្រទេស។ ចុងបញ្ចប់ នៃកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងលោកវរសេនីយ៍ឯក ស្រ៊ឺ ស្រេង ជាប្រធានសមាគមកីឡាយុទ្ធគុនចម្រុះ (MMA) ដែលជាសមាគមកីឡាថ្មីទើបបង្កើតឡើងដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃផងដែរ៕