ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំ ពិភាក្សាលើរបាយការណ៍ការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ និងការងារពាក់ព័ន្ធនឹងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ(២០២៤-២០២៨)របស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល មានប្រសាសន៍ថាស្វាគមន៍ និងលើកឡើងអំពីសារៈសំខាន់នៃអង្គប្រជុំពិភាក្សាលើរបាយការណ៍ការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ និងការងារពាក់ព័ន្ធនឹងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ(២០២៤-២០២៨)របស់អគ្គនាយកដ្ឋានរដ្ឋបាលនាពេលនេះ ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម អគ្គនាយក បានអនុញ្ញាតឱ្យប្រធានាយកដ្ឋាននីមួយៗធ្វើសេចក្តីរាយការណ៍សង្ខេប វឌ្ឍនភាពការងារសំខាន់ៗ បញ្ហាប្រឈម និងទិសដៅការងារបន្ត ជូនអង្គប្រជុំទាំងមូល។
ក្រោយការស្តាប់សេចក្តីរាយការណ៍សង្ខេប របស់ប្រធាននាយកដ្ឋានរួចរាល់ហើយនោះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងអង្គប្រជុំបានជជែកពិភាក្សា ការងារពាក់ព័ន្ធនឹងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ(២០២៤-២០២៨) ដោយផែនការនេះ មានគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃក្នុងការគាំទ្រដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ លើកកម្ពស់ការផ្តល់សេវា សាធារណៈនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព គណនេយ្យភាព ឆ្លើយតប ភាពធន និងនវានុវត្តន៍ សំដៅរួមចំណែកលើកគុណភាពជីវិតប្រជាពលរដ្ឋនៅមូលដ្ឋានឈានទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕