នាយករដ្ឋមន្ត្រី៖ កម្ពុជាយើងខិតខំរក្សាតម្លៃទំនិញ ពិសេសរឿងតម្លៃភ្លើង រដ្ឋសុខចិត្តខាតរាប់លានដុល្លារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាខិតខំខ្លាំងណាស់ ក្នុងការជួយរក្សាតម្លៃទំនិញលើទីផ្សារ ជាពិសេសរឿងថ្លៃអគ្គិសនី ទោះបីរដ្ឋត្រូវខាតក្នុងមួយឆ្នាំរាប់លានដុល្លារ ក៏មិនដំឡើងថ្លៃដែរ គឺដើម្បីសម្រាលដល់ជីវភាព របស់ប្រជាពលរដ្ឋ ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅរោងចក្រសហគ្រាសចំនួន៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២៨ ខែតុលា សម្តេចធិបតី សង្ឃឹមថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មិនធ្វើឱ្យតម្លៃទំនិញឡើយថ្លៃទៅចុះ ។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា «កម្ពុជាយើងខិតខំរក្សាតម្លៃទំនិញ មានការឡើងថ្លៃយើងទទួលស្គាល់ ប៉ុន្តែយើងបានទប់ច្រើនណាស់ ពិសេសរឿងតម្លៃភ្លើង រដ្ឋសុខចិត្តខាត ដើម្បីធានានូវបៀវត្ស ហើយខិតខំពង្រីកនូវប្រភពថាមពលរបស់យើង ពីថាមពលកកើតឡើងវិញ មានវារីអគ្គិសនី ពីសូឡាជាដើម ធ្វើយ៉ាងណា ធានានូវការផ្គត់ផ្គង់អគ្គិសនី បើមិនអីចឹងទេ ពឹងលើខ្យូងថ្ម និងឧស្ម័នធម្មជាតិ គឺសុទ្ធតែនាំចូល បើគេវាយគ្នាតែនៅរុស្ស៉ី ក៏ភ្លើងនៅយើងឡើងដែរ» ៕