សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យម្ចាស់ផ្ទះជួល កុំដំឡើងតម្លៃជួលបន្ទប់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ដអំពាវនាវ ដល់ម្ចាស់ផ្ទះជួលទាំងអស់កុំឲ្យដំឡើងថ្លៃ ទោះបីប្រាក់ខែកម្មករ និយោជិត នៅឆ្នាំក្រោយបានដំឡើងមួយកម្រិតក៏ដោយ។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២៨ ខែតុលាសម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «សូមអំពាវនាវដល់បងប្អូន ដែលជាម្ចាស់ផ្ទះជួល សូមកុំដំឡើងថ្លៃ ដែលប៉ះពាល់ខ្លាំងពេក ដល់បងប្អូនកម្មករវិយោជិត ព្រោះថា ប្រាក់ខែឡើងបានតិចតួច ។ រដ្ឋនឹងជួយតាមរូបភាព អ្វីដែលអាចធ្វើបាន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រទេសដទៃបានដំឡើងថ្លៃទំនិញផ្សេងៗ ដោយសារអតិផរណា ប៉ុន្តែកម្ពុជាខិតខំរក្សាតម្លៃដដែល ជាពិសេសអគ្គិសនី ។ សម្តេចធិបតីថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវ ដោយបានចូលរួមធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរ ៕