ភ្លៀងនិងបន្តធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ភ្លៀងនិងបន្តធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់។
ក្រសួងបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងពេលនេះ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់ប្រទេសថៃ និងសមុទ្រចិនខាងត្បូងថមថយចុះឥទ្ធិពល។ ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី និងខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួុយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។
ក្រសួងបន្តថា ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើងនិងទិសឦសាន ប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៤០% ទៅ ៥០ %។
ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។
ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើតំបន់មាត់សមុទ្រ និងតំបន់ ខ្ង្ពង់រាប គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។ ចំពោះតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់បង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០%៕