នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំពិភាក្សាលើឯកសារជំនួយស្មារតីសម្រាប់ត្រៀមប្រជុំជាមួយគណៈកម្មាធិកាសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាសមាជិកគណៈកម្មាធិកាសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើឯកសារជំនួយស្មារតីសម្រាប់ត្រៀមប្រជុំជាមួយគណៈកម្មាធិកាសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិកាសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចតាមបែបឌីជីថល និងត្រៀមលក្ខណៈធ្វើយ៉ាងណាឲ្យដើរទាន់សភាពការណ៍ និងការវិវត្តនានា។
ឯកឧត្តម បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក៏មានសមាសភាពនៅក្នុងគណៈកម្មការនេះដែរ ហើយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំដើរតួនាទីជាសេនាធិការបំពេញការងារនេះដោយការយកចិត្តទុកដាក់ខ្ពស់។ ហេតុដូចនេះ កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីស្តាប់នូវរបាយការណ៍ ចំណុចវិជ្ជមាន និងបញ្ហាប្រឈមក្នុងការបំពេញតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ សំដៅសម្រេចបាននូវលទ្ធផលការងារប្រកបដោយផ្លែផ្កា។
ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី លី វណ្ឌី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើសេចក្តីរាយការណ៍គោរពជូនអង្គប្រជុំដោយសង្ខេប ស្តីអំពីការងារពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា និងបទពិសោធលើវិស័យនេះពីប្រទេសផ្សេងផងដែរ។
លោកឧត្តមសេនីយ៍ត្រី ក៏បានលើកឡើងអំពីដំណើរបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងការតភ្ជាប់ប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល និងថ្នាលផ្លាស់ប្តូរទិន្នន័យជាតិ (CamDX)។
ទន្ទឹមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ចូលរួមដោយបានសង្ខេបស្តីអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធលើការងារឌីជីថល ដែលត្រូវបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ឯកឧត្តម បានបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្រសួងមហាផ្ទៃ បានសិក្សាស្រាវជ្រាវ និងដកស្រង់នូវធាតុចូលសំខាន់ៗ ដែលញ៉ាំងឲ្យក្រុមការងារជំនាញរួមគ្នាចងក្រងបាននូវផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ រយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នាឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានសង្កត់ធ្ងន់ថា ផែនការសេដ្ឋកិច្ច និងធុរកិច្ចនេះ ផ្តោតសំខាន់លើការងារមួយចំនួន រួមមាន ៖ ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធតភ្ជាប់, ២.ការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់, ៣. ការរៀបចំប្រជាពលរដ្ឋឱ្យចេះប្រើប្រាស់ប្រព័ន្ធឌីជីថល (Digital Citizen), ៤. ការបង្កលក្ខណៈងាយស្រួលលើការទទួលស្គាល់ឯកសារតាមប្រព័ន្ធឌីជីថល និង៥. ការជំរុញឱ្យមានការនិយមការប្រើប្រាស់របស់សហគ្រិន។
បន្ថែមពីនេះ ដើម្បីរួមចំណែកក្នុងការអនុវត្តការងារពាក់ព័ន្ធឹងប្រព័ន្ធរដ្ឋាភិបាលឌីជីថល ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងនូវគោលការណ៍សំខាន់ៗមួយចំនួន រួមមាន៖ ១. ការរៀបចំបញ្ចូលទិន្នន័យ, ២. ការអនុវត្តគោលការណ៍នៃការធ្វើសមាហរណកម្ម ពោលគឺការប្រើប្រាស់ប្រព័ន្ធខុសគ្នា តែស្របតាមក្របខណ្ឌរួមមួយ, ៣. លទ្ធភាពក្នុងការប្រើប្រាស់ឲ្យមានប្រសិទ្ធភាពសម្រាប់ការងារប្រចាំថ្ងៃ, ៤. ការបញ្ជ្រាបចំណេះដឹង។
គួររម្លឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) ដែលមានសមាសភាពមកពីគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពនានា។ ក្នុងនោះ សម្រាប់ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាសមាជិកនៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនេះ។
សូមជម្រាបជូនផងដែរថា គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.)នេះ បំពេញមុខងារជាសេនាធិការការងារបច្ចេកទេសជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ឌ.) ក្នុងការដឹកនាំ រៀបចំ សម្របសម្រួល តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព និង វិនិយោគ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕