សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បក្ខពួកខ្ញុំ មាន១៧លាននាក់ ហើយអ្នកមានអំណាចពិតប្រាកដនៅកម្ពុជា គឺប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅក្រុមប្រឆាំងថា បក្ខពួករបស់សម្ដេច គឺប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ ហើយអ្នកមានអំណាចពិតប្រាកដនោះ គឺប្រជាពលរដ្ឋ ។
ការឆ្លើយតបរបស់សម្ដេចធិបតី ធ្វើឡើងបន្ទាបពីក្រុមប្រឆាំង បានចោទប្រកាន់ថា សម្ដេចអភិវឌ្ឍប្រទេសតែសម្រាប់បក្ខពួក និងអ្នកមានអំណាចប៉ុណ្ណោះ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករនិយោជិត ចំនួន ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អះអាងថា «សម្រាប់ខ្ញុំ គឺខ្ញុំផ្តល់សម្រាប់បក្ខពួកខ្ញុំ ១៧លាននាក់ ហើយអ្នកមានអំណាច គឺប្រជាពលរដ្ឋហ្នឹងឯង ដែលជាអ្នកមានអំណាចផ្តល់សិទ្ធិ ផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស» ។
សម្ដេចធិបតី បានចាត់ទុកក្រុមប្រឆាំងនោះថា មើលការដឹកនាំរបស់សម្តេច ក្នុងទស្សនៈចង្អៀតចង្អល់ ហើយការមើលដោយចង្អៀតចង្អល់នេះហើយ ទើបគណបក្សរបស់ពួកគេមិនដែលទទួលជ័យជំនះ ៕