រដ្ឋបាលខេត្តកណ្ដាល រៀបចំកម្មវិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ បានបើកកម្មវិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ស្ថិតនៅបរិវេណសួនច្បារ មាត់ទន្លេរបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល» ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈភិបាលខេត្តកណ្តាល។
ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្លេះ។ ក្នុងអំឡុងឆ្នាំ ១១៧៧ ពួកចាមបានលើកទ័ពមកធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន រុងរឿងដល់កម្រិតកំពូលថែមទៀត“៕