នាយករដ្ឋមន្ត្រី៖ ការកែសម្រួលក្បាលម៉ាស៊ីនអាជ្ញាធរជាតិគ្រឿងញៀន ដើម្បីប្រសិទ្ធភាពបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការកែសម្រួលក្បាលម៉ាស៊ីនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន ។
ក្នុងឱកាសអញ្ជើញសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន នៅថ្ងៃទី៣០ តុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «នៅក្នុងអាណត្តិទី៧នេះ យើងបានកែរសម្រួលរចនាសម្ព័ន្ធដឹកនាំក៏ដូចជា ក្បាលម៉ាស៊ីនដឹកនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ និងបានសម្រេចកែតែម្តង ហើយការកែនេះមិនត្រឹមតែតម្លើងកម្រិតអ្នកដឹកនាំទៅជាកម្រិតឧបនាយករដ្ឋមន្ត្រីទេ ថែមទាំងមានឧបនាយករដ្ឋមន្ត្រីសរុប ៤នាក់ នៅក្នុងយន្តការនេះ»។
សម្តេចធិបតីបន្តថា ក្បាលម៉ាស៊ីនដឹកនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនមានដូចជា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
សម្តេចធិបតីលើកឡើងថា ទម្ងន់នេះស្មើនឹងការទទួលខុសត្រូវ និងអតិភាពរបស់រាជរដ្ឋាភិបាល ដោយផ្តោតនៅក្នុងការយកចិត្តទុកដាក់នៅក្នុងការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនឱ្យអស់ពីកម្ពុជា ដែលនេះគឺជាអ្វីដែលយើងបានខិតខំប្រឹងប្រែងធ្វើ ៕