សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់ក្រសួងពាក់ព័ន្ធ ជួយប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទទួលបានផលពីវិស័យទេសចរណ៍នៅក្នុងសហគមន៍
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ ជួយប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទទួលបានផលពីវិស័យទេសចរណ៍នៅក្នុងសហគមន៍ ព្រោះខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍ធម្មជាតិច្រើន ដែលអាចជួយជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋតាមភូមិឃុំបានមួយកម្រិតទៀត។
ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត ភ្ជាប់កន្លែងដែលមានលក្ខណៈធម្មជាតិដែលមានសកម្មភាពទេសចរណ៍បាន ធ្វើយ៉ាងណាឱ្យមានអាទិភាពសម្រាប់សហគមន៍មូលដ្ឋានដើម្បីបានផល ជាជាងយកអ្នកវិនិយោគខាងក្រៅទៅវិនិយោគ។
សម្ដេចធិបតីបានថ្លែងថា«យើងជួយគាត់ យើងជួយផ្សព្វផ្សាយពាណិជ្ជកម្មឱ្យគាត់ ដើម្បីឱ្យទេសចរទៅច្រើន តែធ្វើយ៉ាងជួយសហគមន៍មូលដ្ឋានដើម្បីបានផល នេះជាអ្វីនៃការយកចិត្តទុកដាក់ដែលយើងធ្វើ» ៕