សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លែផ្កានៃសន្តិភាព គឺបានទៅដល់ដៃប្រជាពលរដ្ឋគ្រប់ៗរូប
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ផ្លែផ្កានៃសន្តិភាពគឺបានទៅដល់ដៃប្រជាពលរដ្ឋគ្រប់ៗរូប តាមរយៈទទួលបានការអភិវឌ្ឍប្រកបដោយ តម្លាភាព គុណភាព ទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ដើម្បីឱ្យមានប្រជាពលរដ្ឋមានសុខសន្តិភាព រស់នៅដោយសុខក្សេមក្សាន្ត។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាស ខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅថ្ងៃទី៣០ ខែតុលា សម្ដេចមហាបវរធិបតី មានប្រសាសន៍ថា ត្រឹមនិយាយពីការដោះមីន ដើម្បីឱ្យ ស្អាតដី ដោះមីនយកទិន្នន័យ ជួយកម្ចាត់ឃាតកលាក់មុខនេះ ដូច្នេះមិនអាចនិយាយពីផ្លែផ្កា ដែលបានពី សុខសន្តិភាពពីការដោះមីននោះទេ។
សម្តេចធិបតីបន្តថា ផ្លែផ្កានៃសន្តិភាពគឺការចាប់ផ្តើមស្វែងរកនូវសន្តិភាព វាឈានទៅ ដល់ការទទួលនៃសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ ហើយអ្វីដែលអាចដឹង ការដោះមីននៅខេត្តកំពង់ស្ពឺ បានធ្វើឱ្យខេត្តនេះ ដែលធ្លាប់មានការប្រយុទ្ធគ្នា ក្លាយជាតំបន់ដែលប្រជាពលរដ្ឋលែងភ័យក្នុងការកាប់ សម្លាប់គ្នា។
សម្តេចធិបតីបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាពដែលទទួលបាន ពីការរំដោះដីដោះមីនឱ្យអស់ ត្រឹមនិយាយផ្លែផ្កាវាមិនទាន់ចប់ទេ ត្រូវនិយាយពីបរិមាណ និងគុណភាពផងដែរ។ ដូច្នេះផ្លែផ្កានៃសន្តិភាពនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល នៅក្នុងការពង្រឹងសុខសន្តិភាពនិងការជួយ ប្រទេស គឺធ្វើឱ្យផ្លែផ្កានេះបានទៅដល់ដៃប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍរីកចម្រើនដោយសមធម៌ នេះជា គោលដៅដែលប្រជាពលរដ្ឋចង់បាន។
សម្ដេចគូសបញ្ជាក់ថា « យើងត្រូវនិយាយគុណភាពនៃផ្លែផ្កា គឺការចែករំលែក នៃផ្លែផ្កាសន្តិភាព ហើយរាជរដ្ឋាភិបាល ដឹកនាំ៣០ ៤០ឆ្នាំនេះ ការបង្កើតសុខសន្តិភាពនិងការជួយប្រទេស គឺធ្វើយ៉ាងណាឱ្យផ្លែផ្កានេះ បានដល់ដៃប្រជាពលរដ្ឋ គឺការអភិវឌ្ឍដោយសមធម៌នេះជាគោលដៅដែលយើងចង់បាន។ ត្រឹមតែសង់អគារស្អាតបានផលអី បានសម្រាប់មន្ត្រីធ្វើការងារល្អនៅទីនេះ ជាការងារល្អមួយមាន ផាសុកភាព សម្រាប់បងប្អូន មិនមែនសង់អគារហើយមន្ត្រីធ្វើការនៅក្រៅ ទុកអគារនេះទុកឱ្យឯកឧត្តម វ៉ី សំណាង ម្នាក់ឯងនោះទេ អាហ្នឹងគេមិនមែនហៅថាការចែកនៃផលលាភទេ ត្រូវចែកផលលាភទាំងអស់ ដល់មន្ត្រីដែលបម្រើការ ទទួលបានផលនៅទីនេះ មានទាំងបន្ទប់ប្រចាំការរបស់ខាងមន្ទីរមួយៗ នៅនេះ ទៀត ប៉ុន្តែផលធំបំផុតកន្លែងនេះ គឺជាកន្លែងបម្រើប្រជាពលរដ្ឋ និងយើងនិយាយអំពីគុណភាពផ្លែផ្កា ដែលយើងចែករំលែក »៕