រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យគណៈប្រតិភូ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (Cambodia Automotive Industry Federation – CAIF) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ជំនួបនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុននាំចូលរថយន្តធំៗមួយចំនួននៅកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
គោលបំណងនៃជំនួបគឺដើម្បីបង្ហាញអំពីលទ្ធផល និងវឌ្ឍនភាពការងារទាំងក្នុង និងក្រៅប្រទេស និងគោលជំហររបស់ CAIF ក្នុងការបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង សំដៅជំរុញការរៀបចំគោលនយោបាយ និងបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងវិស័យយានយន្តនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ៕