អភិបាលខេត្តកណ្ដាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង៥៥០ម៉ែត្រ នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង៥៥០ម៉ែត្រ នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ និង សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុកកណ្តាលស្ទឹង អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនានានៅទីនេះ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ជូនប្រជាជនទូទៅ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវអនុសាសន៍ និងបានណែនាំដល់រដ្ឋបាលស្រុកកណ្តាលស្ទឹង នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១ . ត្រូវយកចិត្តទុកដាក់លើការពង្រឹងច្បាប់ចរាចរណ៍ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ ជាពិសេសការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍។
២ . ត្រូវបន្តចាក់វ៉ាក់សាំងដូសជម្រុញជាបន្តបន្ទាប់ តាមគោលការណ៍ណែនាំ និងតាមកាលកំណត់ ជូនប្រជាជនអោយបានគ្រប់ៗគ្នា។
៣ . បន្តពង្រឹងនិងថែរក្សាការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងបន្តការអប់រំ ផ្សព្វផ្សាយ ចុះឲ្យដល់មូលដ្ឋានតាមខ្នងផ្ទះ៕