ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែតុលា និងផ្សព្វផ្សាយផែនការការពារ ដល់កម្លាំងនគរបាលក្រោមឱវាទ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែតុលា និងផ្សព្វផ្សាយផែនការការពារចំនួន៣កម្មវិធី ដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:សេនាតូចការពារព្រំដែនគោគទាំង៤។
កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវរ:ធំៗចំនួន៤រួមមាន៖១-ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការប្រចាំខែតុលា ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ។២-ផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញត្រួតពិនិត្យច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត(ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣) ។៣-ផែនការ ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២-២០២៣ នាថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។៤-ផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ផ្នែកពាក់ព័ន្ធរហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។
លោកក៏បានជម្រុញដល់កម្លាំងនគរបាលជំនាញ -ត្រូវបន្តផ្តល់សេវាសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។ -ត្រូវពង្រឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង។ -ត្រូវបន្តអនុវត្តការងារ តួនាទី ភារកិច្ចឲ្យបានល្អ និងស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ហើយមួយវិញទៀតគឺត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជារបស់មេកើយ។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានផ្សព្វផ្សាយ និងដាក់ចេញនូវផែនការ ការពារ ដល់កម្លាំងនគរបាលទាំងអស់ត្រូវ យកចិត្តទុកដាក់ ការពារសន្តិសុខ សុវត្ថិភាព ច្បាមក្តាប់សភាពការណ៍ទូទៅ ទ្រោលសភាពការណ៍ផ្សេងៗ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ។ សំដៅធានាបានទាំងស្រុងនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ: ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរៈជនសំខាន់ៗ ដែលបានអញ្ជើញចុះបំពេញ បេសកកម្ម និងចូលរួមក្នុងភូមិសាស្ត្រខេត្តប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពខ្ពស់៕