ប្រធានសាលាដំបូង និង ប្រធានអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ជាមួយមេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ ជួបគ្នារឹតចំណងកិច្ចសហប្រតិបត្តការយ៉ាងស្អិតរមួត
ភ្នំពេញ៖ បន្ទាប់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នូវប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយឯកឧត្តម ងួន ណារ៉ា ជំនួសឯកឧត្តម តាំង ស៊ុនឡាយ ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូលរួចមក ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ទើបចូលកាន់តំណែងថ្មី រួមជាមួយឯកឧត្តម ច្រឹង ខ្មៅ ប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជួបជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញអំពីការរឹតចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងស្ថាប័នតុលាការ ស្ថាប័នអយ្យការ និងស្ថាប័នអាវុធហត្ថ ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងស្អិតរមួត។
ក្នុងជំនួបរវាងស្ថាប័នទាំង៣ខាងលើ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក្នុងនាមម្ចាស់ផ្ទះ បានធ្វើការបង្ហាញនូវបទពិសោធន៍គ្រប់គ្រងដឹកនាំរបស់លោកផ្ទាល់ ក៏ដូចជាការកសាងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៃទីបញ្ជាការក្នុងរយៈកាលកន្លងមក ជូនដល់ភ្ញៀវ បានទស្សនាសព្វកន្លែងផងដែរ ៕