ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាកិច្ចការដែលក្រសួងរៀបចំដែនដី បាននិងកំពុងជំរុញ
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាកិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងជំរុញដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការជំរុញការរៀបចំចុះបញ្ជីដីធ្លីបង្ហើយនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តទីពីរ បន្ទាប់ពីខេត្តកំពង់ចាម ក្នុងការរៀបចំការងារចុះបញ្ជីដីធ្លីបង្ហើយ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកម្លាំងសរុបដើម្បីសម្រេចការងារនេះឱ្យបានជោគជ័យតាមការគ្រោងទុកក្នុងអាណត្តិថ្មីនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈការិយាល័យមួយចំនួន សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ រួមមាន៖ ឧបករណ៍វាស់វែង Sino Gnss និង Controler ចំនួន ២១គ្រឿង, កុំព្យូទ័រលើតុចំនួន ៣៦កំផ្លេ, ម៉ាស៊ីនព្រីនខ្នាតតូចចំនួន ១៧គ្រឿង, ម៉ាស៊ីនស្កេនចំនួន ២១គ្រឿង, ម៉ាស៊ីនថតចម្លងចំនួន ៦គ្រឿង, តុការិយាល័យចំនួន ៣១គ្រឿង, កៅអីការិយាល័យចំនួន ៣១គ្រឿង និងម៉ូតូចំនួន ១២គ្រឿង ៕